www.aub.edu.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសិក្ខាសាលាផ្សព្វផ្សាយស្តីពី "កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ" នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

សិក្ខាសាលាផ្សព្វផ្សាយស្តីពី "កាតព្វកិច្ចគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ" នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦

នាព្រឹកថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ និយ័តករគណនេយ្យនិងសវនកម្ម (ន.គ.ស.) នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានសហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (KICPAA) និងសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ" ជូនដល់សាស្ត្រាចារ្យ និងនិស្សិត ដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងអំពីស្តង់ដារវិជ្ជាជីវៈ។

អង្គសិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃ ន.គ.ស.។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃ ន.គ.ស. តំណាងវិទ្យាស្ថាន KICPAA និងលោកគ្រូ អ្នកគ្រូ សិស្ស និស្សិត សរុបប្រមាណ ២០០នាក់។

គោលបំណង និងខ្លឹមសារសំខាន់ៗនៃសិក្ខាសាលា៖ សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅយុទ្ធសាស្ត្រ ដើម្បីបញ្ជ្រាបការយល់ដឹងអំពីក្របខណ្ឌច្បាប់ និងបទប្បញ្ញត្តិបច្ចុប្បន្ន ដែលជាគ្រឹះដ៏សំខាន់សម្រាប់អ្នកប្រកបវិជ្ជាជីវៈនាពេលអនាគត។ ប្រធានបទសំខាន់ៗដែលបានលើកយកមកបង្ហាញរួមមាន៖

  1. ក្របខណ្ឌច្បាប់៖ ការយល់ដឹងស៊ីជម្រៅអំពីច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងកាតព្វកិច្ចដែលត្រូវអនុវត្ត។
  2. ស្តង់ដារបច្ចេកទេស៖ ទិដ្ឋភាពទូទៅនៃស្តង់ដារគណនេយ្យដែលកំពុងអនុវត្តក្នុងព្រះរាជាណាចក្រកម្ពុជា។
  3. វិថីវិជ្ជាជីវៈ៖ ការលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងកាលានុវត្តភាពការងារក្នុងទីផ្សារហិរញ្ញវត្ថុ។

ព្រឹត្តិការណ៍នេះ គឺជាយន្តការដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទ្រឹស្ដីនៃការសិក្សា ទៅនឹងការអនុវត្តច្បាប់ជាក់ស្តែង ដើម្បីត្រៀមលក្ខណៈឱ្យនិស្សិតក្លាយជាធនធានមនុស្សដែលមានសមត្ថភាព វិន័យ និងក្រមសីលធម៌ខ្ពស់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។


ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ១៦ ចំនួនអ្នកទស្សនាថ្ងៃនេះ: ២៩៥ ចំនួនអ្នកទស្សនាពីម្សិល: ២.៧៨៣
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ