navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសិក្ខាសាលាផ្សព្វផ្សាយស្តីពី "បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
សិក្ខាសាលាផ្សព្វផ្សាយស្តីពី "បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ" នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា
ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥
នាព្រឹកថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា (AUB) បានសហការជាមួយអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) រៀបចំសិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ "បច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ"។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ.។ ក្នុងឱកាសនោះ លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃ អ.ស.ហ. បានអញ្ជើញថ្លែងសុន្ទរកថាបើក ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល។ កម្មវិធីក៏មានការអញ្ជើញចូលរួមផ្ដល់មតិស្វាគមន៍ដោយ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងការថ្លែងចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅពីសំណាក់ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា។
ដើម្បីផ្តល់ចំណេះដឹងឱ្យកាន់តែស៊ីជម្រៅ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ បានធ្វើបទបង្ហាញសំខាន់ៗចំនួន ៤ រួមមាន៖
- ទិដ្ឋភាពទូទៅនៃបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ៖ បកស្រាយដោយ លោក ឆៃ សុខហេង។
- ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគាំទ្របច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថល៖ បកស្រាយដោយ លោកស្រី ម៉េង លីលីង។
- បញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យហិរញ្ញវត្ថុ៖ បកស្រាយដោយ លោក អ៊ឹង លីហ៊ាង។
- បណ្ដាញទំនាក់ទំនង និងការផ្សព្វផ្សាយគាំទ្រការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ៖ បកស្រាយដោយ លោកស្រី វណ្ណ សោភ័ណ្ឌ។
សិក្ខាសាលានេះមានអ្នកចូលរួមប្រមាណ ៣០០រូប ដែលជាថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ និងនិស្សិត។ គោលបំណងចម្បងគឺដើម្បីបញ្ជ្រាបការយល់ដឹងអំពីការវិវត្តនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ព្រមទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ។ សិក្ខាសាលានេះមិនត្រឹមតែផ្ដល់ចំណេះដឹងផ្នែកទ្រឹស្ដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតម្រង់ទិសអាជីពការងារដល់និស្សិត ដើម្បីឱ្យពួកគេអាចចាប់យកឱកាសក្នុងទីផ្សារការងារឌីជីថលនាពេលអនាគត។
ព្រឹត្តិការណ៍នេះបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល ផ្លាស់ប្តូរបទពិសោធន៍ និងទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។











