www.aub.edu.kh

navigate_nextបណ្ណាល័យ

បណ្ណាល័យ

អំពីបណ្ណាល័យ

សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានសាងសង់បណ្ណាល័យដែលមានទំហំ ២៨ម X ២៨ម = ៧៨៤ ម៉ែត្រក្រឡា កំពស់ ១៤,១០ម៉ែត្រ ស្មើនឹង៣ជាន់ ស្របទៅតាមបទដ្ឋានស្តង់ដាបច្ចេកទេស ប្រកបដោយបរិស្ថានល្អ ខ្យល់អាកាសបរិសុទ្ធ ពន្លឺចេញ-ចូលគ្រប់គ្រាន់ កន្លែងអង្គុយអានមានផាសុកភាព ផ្លូវដើរធំទូលាយ បរិយាកាសស្ងប់ស្ងាត់ មិនមានសម្លេងរំខាន ដែលផ្តល់អំណោយផលដល់ការសិក្សា ការស្រាវជ្រាវរបស់គ្រូបង្រៀន និស្សិត និងកម្មករនិយោជិតនៃសាកលវិទ្យាល័យ។ បច្ចុប្បន្ននេះ បណ្ណាល័យសាកលវិទ្យាល័យមានសៀវភៅជាង ៥០០០ក្បាល និងជាង ២០០០ ចំណងជើង។ សៀវភៅជាភាសាខ្មែរមានចំនួន ៣៨% និងភាសាបរទេសមានចំនួន ៦២% សម្រាប់ជាប្រយោជន៍ដល់ការសិក្សា ការស្រាវជ្រាវ របស់និស្សិត គ្រូបង្រៀន និងសាធារណជនទូទៅផងដែរ។

ម៉ោង​បើក​បម្រើ​សេវាបណ្ណាល័យ

បណ្ណាល័យបើកដំណើរការជារៀងរាល់ថ្ងៃ និងមានពេលម៉ោងបម្រើដូចខាងក្រោម៖

  • សម្រាប់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ
    ពេលព្រឹក ចាប់ពីម៉ោង ០៧:៣០នាទី រហូតដល់ម៉ោង ២០:៣០នាទី
  • សម្រាប់ថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ
    ពេលព្រឹក ចាប់ពីម៉ោង ០៧:៣០នាទី រហូតដល់ម៉ោង ១៦:៣០នាទី លើកលែងតែថ្ងៃបុណ្យឈប់សម្រាកដែលបានកំណត់ដោយសាកលវិទ្យាល័យ។

ការផ្តល់ព័ត៌មាន

បណ្ណារក្ស/បុគ្គលិកបណ្ណាល័យ ត្រូវផ្តល់ព័ត៌មាន និងណែនាំដល់អ្នកអាន ដើម្បីឱ្យពួកគេយល់ដឹងពីបទបញ្ជាផ្ទៃក្នុងរបស់បណ្ណាល័យ និងរបៀបប្រើប្រាស់បណ្ណាល័យ។ អ្នកអានអាចទាក់ទងទៅបណ្ណារក្ស/បុគ្គលិកបណ្ណាល័យ នៅកន្លែងផ្តល់ព័ត៌មាន ដើម្បីទទួលបានព័ត៌មាននានាដែលទាក់ទងនឹងកិច្ចការសិក្សា ការស្រាវជ្រាវ ការប្រើប្រាស់បណ្ណាល័យ ការស្វែងរកសៀវភៅ។ល។

សិទ្ធិក្នុងការប្រើប្រាស់

  • កម្មករនិយោជិត អេស៊ីលីដា គ្រូបង្រៀន សិក្ខាកាម សិស្ស និស្សិត
  • កម្មករនិយោជិត អេស៊ីលីដា គ្រូបង្រៀន សិក្ខាកាម សិស្ស និស្សិត អាចចូលអានសៀវភៅ/ឯកសារផ្សេងៗនៅក្នុងបណ្ណាល័យ លុះត្រាតែបង្ហាញអត្តសញ្ញាណប័ណ្ណការងារ ប័ណ្ណសម្គាល់គ្រូបង្រៀន សិក្ខាកាម សិស្ស និស្សិត។

រយៈពេលនៃការខ្ចី

សាកលវិទ្យាល័យផ្តល់រយៈពេលខ្ចីសៀវភៅ/ឯកសារផ្សេងៗ ដោយកំណត់តាមតារាងខាងក្រោម៖

ប្រភេទអ្នកខ្ចី ចំនួន រយៈពេល
សិក្ខាកាម សិស្ស និស្សិត ០២ ច្បាប់ ១៤ ថ្ងៃ
កម្មករនិយោជិតអេស៊ីលីដា ០៤ ច្បាប់ ៣០ ថ្ងៃ
គ្រូបង្រៀន (ពេញម៉ោង និងក្រៅម៉ោង)
ប្រធានក្រុមបច្ចេកទេសមុខ ជំនាញ និងមុខវិជ្ជា ០៤ ច្បាប់ ៩០ ថ្ងៃ

ការសងត្រលប់

  • អ្នកខ្ចីត្រូវសងត្រលប់នូវសៀវភៅ/ឯកសារ ជូនបណ្ណារក្ស/បុគ្គលិកបណ្ណាល័យដោយខ្លួនផ្ទាល់ ឬតាមរយៈបុគ្គលផ្សេង ក្នុងករណីមានធុរៈតាមកាលបរិច្ឆេទដែលបានកំណត់។
  • ករណីថ្ងៃដែលត្រូវសងត្រលប់ប៉ះថ្ងៃបុណ្យឈប់សម្រាក ដែលបានកំណត់ដោយសាកលវិទ្យាល័យ អ្នកសុំខ្ចីត្រូវសងត្រលប់នូវសៀវភៅ/ឯកសារ នៅមុនពេលថ្ងៃបុណ្យឈប់សម្រាក ឬក្រោយថ្ងៃបុណ្យឈប់សម្រាក០១ថ្ងៃ។

ការខ្ចីសារជាថ្មី

  • អ្នកខ្ចីអាចខ្ចីសៀវភៅ/ឯកសារបន្ដបាន លុះត្រាសងត្រលប់មកបណ្ណារក្ស/បុគ្គលិកបណ្ណាល័យវិញតាមកាលកំណត់ជាមុនសិន ដើម្បីបញ្ជាក់ឱ្យដឹងថាសៀវភៅ/ឯកសារ ដែលបានខ្ចីនោះនៅគង់វង្សទើបអាចខ្ចីបន្ត។ ក្នុងករណីមានអ្នកផ្សេងត្រូវការខ្ចីសៀវភៅ/ឯកសារផ្សេងៗនោះ ហើយបានកក់ទុកមុន បណ្ណារក្ស/បុគ្គលិកនឹងផ្តល់អាទិភាពក្នុងការខ្ចីទៅអ្នកខ្ចីថ្មីនោះ។
  • អ្នកខ្ចីដែលមានបំណងខ្ចីសៀវភៅ/ឯកសារផ្សេងៗដទៃទៀត ត្រូវយកសៀវភៅ/ឯកសារដែលបានខ្ចីមកសងត្រលប់ជាមុនសិន ទើបអនុញ្ញាតឱ្យខ្ចីសៀវភៅ/ឯកសារផ្សេងៗដទៃទៀត។

ការផាកពិន័យលើការសងត្រលប់យឺតយ៉ាវ

ករណីការសងត្រលប់មកវិញនូវសៀវភៅ/ឯកសារផ្សេងៗ ហួសរយៈពេលកំណត់ អ្នកខ្ចីត្រូវរងការផាកពិន័យជាប្រាក់ចំនួន ១,០០០រៀលក្នុង០១ថ្ងៃ សម្រាប់សៀវភៅ/ឯកសារផ្សេងៗ មួយក្បាល/ច្បាប់ ដោយមិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យជាតិ-អន្តរជាតិ។

សំណងលើការបាក់បែក ខូចខាត និងបាត់បង់

  • អ្នកខ្ចីត្រូវតែទទួលខុសត្រូវលើការបាក់បែក ឬខូចខាតសៀវភៅ/ឯកសារផ្សេងៗដែលខ្លួនបានខ្ចីពីបណ្ណាល័យ និងត្រូវសងមកវិញជាសាច់ប្រាក់ទៅតាមការបាក់បែក ឬ ខូចខាត។
  • អ្នកខ្ចីត្រូវតែទទួលខុសត្រូវ ករណីធ្វើឱ្យបាត់បង់សៀវភៅ/ឯកសារផ្សេងៗរបស់បណ្ណាល័យដែលខ្លួនបានខ្ចី។ អ្នកខ្ចីអាចទិញសងនូវប្រភេទសៀវភៅ/ឯកសារដែលបានធ្វើបាត់ ឬសងមកវិញជាសាច់ប្រាក់ទៅតាមថ្លៃដើមនៃសៀវភៅ។

ការប្រើប្រាស់កុំព្យូទ័ររបស់បណ្ណាល័យ

កម្មករនិយោជិត អេស៊ីលីដា/គ្រូបង្រៀន/សិក្ខាកាម/សិស្ស/និស្សិត អាចស្នើសុំប្រើប្រាស់កុំព្យូទ័ររបស់បណ្ណាល័យ ដោយកំណត់រយៈពេលប្រើប្រាស់ ០៣ម៉ោង សម្រាប់ការស្នើសុំ១លើក។ ការប្រើប្រាស់កុំព្យូទ័ររបស់បណ្ណាល័យ គឺសម្រាប់តែការសិក្សា ស្រាវជ្រាវ ឬការវាយអត្ថបទផ្សេងៗតែប៉ុណ្ណោះ។ ក្នុងករណីការប្រើប្រាស់កុំព្យូទ័រខុសពីការកំណត់ បណ្ណារក្ស/បុគ្គលិកបណ្ណាល័យ មានសិទ្ធិបញ្ឈប់ការប្រើប្រាស់ភ្លាម។

បទបញ្ជាទូទៅក្នុងបណ្ណាល័យ

  • អ្នកដែលចូលមកក្នុងបណ្ណាល័យត្រូវបំពេញឈ្មោះ អាស័យដ្ឋាន ពេលម៉ោងចេញ-ចូល និង ចុះហត្ថលេខា នៅផ្លូវចូលនៃបណ្ណាល័យដើម្បីទុកជាឯកសារ។
  • ត្រូវរក្សាភាពស្ងៀមស្ងាត់នៅក្នុងបណ្ណាល័យ។
  • អ្នកអានត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសម្គាល់នៅពេលចូលក្នុងបរិវេណបណ្ណាល័យ។
  • អ្នកអានគ្រប់រូបត្រូវទុកកាបូប និងរបស់របរផ្សេងៗនៅកន្លែងទទួលក្បែរទ្វារចូលបណ្ណាល័យ។ អនុញ្ញាតឱ្យយកចូលក្នុងបណ្ណាល័យតែសៀវភៅកំណត់ចំណាំ និងសៀវភៅ/ឯកសារ ដែល ត្រូវយកមកសងត្រលប់ និងមិនអនុញ្ញាតឱ្យទុករបស់ដែលមានតម្លៃនៅកន្លែងផ្ញើរបស់ជាដាច់ខាត។ ក្នុងករណីមានការបាត់របស់របរផ្សេងៗផ្ទាល់ខ្លួន បណ្ណារក្ស/បុគ្គលិកបណ្ណាល័យ នឹងមិនទទួលខុសត្រូវលើការបាត់បង់នោះឡើយ។
  • ឧបករណ៍-សម្ភារដែលអាចធ្វើឱ្យអន្តរាយដល់ឧបករណ៍-សម្ភារបណ្ណាល័យ មិនត្រូវបានអនុញ្ញាតឱ្យយកចូលក្នុងបណ្ណាល័យឡើយ។ ឧបករណ៍-សម្ភារទាំងនោះរួមមានដូចជា៖ ចំណី អាហារ បារី ភេសជ្ជ បង្អែម ស្ករកៅស៊ូ ជ័រកាវ ដបទឹកខ្មៅ/ពណ៌ ទឹកសំអាតគ្រប់ប្រភេទ ឧបករណ៍ដែលមុតស្រួច និងអាវុធគ្រប់ប្រភេទ ។ល។
  • សៀវភៅ/ឯកសារដែលអានហើយ អ្នកអានចាំបាច់ត្រូវយកទៅដាក់តាមកន្លែងដើមវិញ ក្នុងករណីពិសេស អាចទុកនៅលើតុអង្គុយបាន។
  • អ្នកអានមិនអនុញ្ញាតឱ្យគូសវាស ហែក បត់ ឬកំណត់សម្គាល់នៅលើសៀវភៅ/ឯកសារផ្សេងៗ ឬ ធ្វើឱ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិបណ្ណាល័យដោយវិធីណាមួយទេ។ ប្រសិនបើនរណាម្នាក់ត្រូវបានរកឃើញថា បានប្រព្រឹត្តទង្វើខាងលើអ្នកនោះនឹងទទួលនូវការពិន័យ។ សៀវភៅ/ឯកសារដែលបានខ្ចីត្រូវរក្សាឱ្យបានល្អនូវគុណភាព និងទ្រង់ទ្រាយដើម។
  • អ្នកអានត្រូវមានសុជីវធម៌ ចំពោះគ្នាទៅវិញទៅមកគ្រប់ពេលវេលា។
  • ចៀសវាងនូវការនិយាយ និង/ឬសើចខ្លាំងៗ ការហ៊ោកញ្ជ្រៀវ និងសកម្មភាពទាំងឡាយណាដែលនាំឱ្យរំខានដល់អ្នកអានដទៃ។ ប្រសិនបើចាំបាច់ត្រូវការជជែក ពិភាក្សា ត្រូវនិយាយតិចៗ។
  • ត្រូវបិទទូរស័ព្ទដៃ ឬបិទសម្លេងរោរ៍ ត្រូវចៀសវាងការហៅចេញ ឬការទទួលទូរស័ព្ទនៅក្នុងបរិវេណបណ្ណាល័យ។
  • មុននឹងប្រើប្រាស់ឧបករណ៍-សម្ភារដែលមាននៅក្នុងបណ្ណាល័យ អ្នកប្រើប្រាស់ត្រូវសុំការអនុញ្ញាតពីបណ្ណារក្ស/បុគ្គលិកបណ្ណាល័យជាមុនសិន និងត្រូវមានការទទួលខុសត្រូវចំពោះការប្រើប្រាស់។ ករណីមានការខូចខាត ឬបាត់បង់ដោយប្រការណាក៏ដោយ អ្នកប្រើប្រាស់ត្រូវសងការខូចខាតទាំងនោះ តាមការកំណត់របស់បណ្ណាល័យ។
  • រាល់ការប្រើប្រាស់ឧបករណ៍ផ្សេងៗដូចជា: computers, Laptop, and player មិនត្រូវបង្កសំឡេងនាំឱ្យរំខានអ្នកអានដទៃទៀតឡើយ។
  • មិនត្រូវនាំយកឧបករណ៍-សម្ភារបណ្ណាល័យចេញពីបណ្ណាល័យ ដោយគ្មានការអនុញ្ញាតពីបណ្ណារក្ស/បុគ្គលិកបណ្ណាល័យឡើយ។
  • មិនអនុញ្ញាតឱ្យអ្នកដទៃខ្ចីបន្តនូវឧបករណ៍-សម្ភារដែលបានខ្ចីពីបណ្ណាល័យ។
  • បណ្ណារក្ស/បុគ្គលិកបណ្ណាល័យ មានសិទ្ធិព្រមាន ឬបណ្តេញបុគ្គលណាដែលមិនគោរពនូវបទបញ្ជាផ្ទៃក្នុង ចេញពីបរិវេណបណ្ណាល័យ។
  • បណ្ណារក្ស/បុគ្គលិកបណ្ណាល័យ មានសិទ្ធិសុំត្រួតពិនិត្យបុគ្គលណាដែលសង្ស័យថាបានលួចលាក់យកសៀវភៅ/ឯកសារផ្សេងៗ ឬឧបករណ៍ សម្ភារ របស់បណ្ណាល័យ៕

ផែនទីទំព័រ ទម្រង់ផ្តល់យោបល់ ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ ចំនួនអ្នកកំពុងទស្សនា: ៩ ចំនួនអ្នកទស្សនាថ្ងៃនេះ: ១.៣១៦ ចំនួនអ្នកទស្សនាពីម្សិល: ១.៤៨៩
ផ្ទៃងងឹត
ភ្ជាប់ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ