www.aub.edu.kh

navigate_nextOur Servicesnavigate_nextResearch and Innovationnavigate_nextBusiness Newsnavigate_nextEconomy

Business News

Economy

ការ​កំណត់​ឈ្មោះ​ធនាគារ​ជាតិ​របស់​ប្រទេស​នីមួយៗ​លើ​សកល​លោក

អនុគណៈកម្មាធិការស្រាវជ្រាវ និងវិភាគសេដ្ឋកិច្ចកម្ពុជា
វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា (វពអ)
រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩

ជាទូទៅប្រទេសនីមួយៗលើសកលលោក តែងតែមានធនាគារជាតិរបស់ខ្លួន ពីព្រោះវាដើរតួនាទី និងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពនិងកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការកំណត់និងការត្រួតពិនិត្យគោលនយោ-បាយរូបិយវត្ថុ ការបោះពុម្ពផ្សាយនិងការផ្គត់ផ្គង់រូបិយវត្ថុ ការកំណត់អត្រាការប្រាក់ ការត្រួតពិនិត្យនិងការកែលម្អប្រព័ន្ធទូទាត់អន្តរធនាគារ ការផ្តល់និងការដកហូតអាជ្ញាបណ្ណអាជីវកម្មហិរញ្ញវត្ថុ ទីផ្សារប្តូរប្រាក់ សង្ហារឹមបណ្ណ ត្បូងថ្ម និងលោហធាតុមានតម្លៃ ការចូលរួមបង្កើតនិងត្រួតពិនិត្យទីផ្សាររូបិយវត្ថុ ហិរញ្ញវត្ថុ និងការគ្រប់គ្រងបំណុល និងឥណទេយ្យជាមួយនឹងបរទេស ការតម្លើងតារាងជញ្ជីងទូទាត់ និងការវិភាគស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុ ហើយលើកសំណើ និងវិធានការជូនរដ្ឋាភិបាល ក៏ដូចជាការទទួលខុសត្រូវនិងការអនុវត្តកិច្ចការទាំងឡាយទាក់ទងនឹងធនាគារ ឥណទាន និងរូបិយវត្ថុ ជាដើម ក្នុងនាមប្រទេស (ធនាគារជាតិនៃកម្ពុជា)។

ការកំណត់ឈ្មោះធនាគារជាតិនីមួយៗ គឺពុំមានស្តង់ដាណាមួយច្បាស់លាស់នោះទេ ហើយត្រូវបានដាក់ឈ្មោះតាមប្រទេសនីមួយៗ។ ដូច្នេះ ដើម្បីជាចំណេះដឹងមូលដ្ឋានខ្លះៗជូនដល់និស្សិតទាក់ទងនឹងការកំណត់ឈ្មោះធនាគារជាតិនៃប្រទេសនីមួយៗ លើសកលលោកនោះ យើងខ្ញុំសូមលើកយកទម្រង់ឈ្មោះដែលគេនិយមប្រើបំផុតចំនួន៨បែប ដូចខាងក្រោមនេះ ៖

  1. Bank of Country: មានដូចជា Bank of Canada (ធនាគារជាតិរបស់ប្រទេសកាណាដា), Bank of Mexico (ធនាគារជាតិរបស់ប្រទេសមិចស៊ីកូ) និង Bank of Thailand (ធនាគារជាតិរបស់ប្រទេសថៃ) ជាដើម។
  2. Central Bank of Country: មានដូចជា Central Bank of Afghanistan (ធនាគារជាតិរបស់ប្រទេសអាហ្គានី-ស្ថាន), Central Bank of Brazil (ធនាគារជាតិរបស់ប្រទេសប្រេស៊ីល) និង Central Bank of Ireland (ធនាគារជាតិរបស់ប្រទេសអៀឡង់) ជាដើម។
  3. Reserve Bank of Country: មានដូចជា Reserve Bank of Australlia (ធនាគារជាតិរបស់ប្រទេសអូស្ត្រាលី), Reserve Bank of India (ធនាគារជាតិរបស់ប្រទេសឥណ្ឌា) និង Reserve Bank of New Zealand (ធនាគារជាតិរបស់ប្រទេសណូវែលហ្សេឡង់) ជាដើម។
  4. Nation Bank of Country: មានដូចជា Nation Bank of Ethiopia (ធនាគារជាតិរបស់ប្រទេសអេត្យូពី), Nation Bank of Kazakhstan (ធនាគារជាតិរបស់ប្រទេសកាហ្សាសស្ថាន) និង Nation Bank of Panama (ធនាគារជាតិរបស់ប្រទេសប៉ាណាម៉ា) ជាដើម។
  5. National Bank of Country: មានដូចជា National Bank of Cambodia (ធនាគារជាតិរបស់ប្រទេសកម្ពុជា), National Bank of Poland (ធនាគារជាតិរបស់ប្រទេសប៉ូឡូញ) និង National Bank of Ukraine (ធនាគារជាតិរបស់ប្រទេសអ៊ុយក្រែន) ជាដើម។
  6. State Bank of Country: មានដូចជា State Bank of Pakistan (ធនាគារជាតិរបស់ប្រទេសប៉ាគីស្ថាន) និង State Bank of Vietnam (ធនាគារជាតិរបស់ប្រទេសវៀតណាម) ជាដើម។
  7. Country + Monetary Authority: មានដូចជា Bermuda Monetary Authority (ធនាគារជាតិរបស់ប្រទេស ប៊ឺមូដា), Maldives Monetary Authority (ធនាគារជាតិរបស់ប្រទេសម៉ាល់ឌីវ) និង Palestine Monetary Authority (ធនាគារជាតិរបស់ប្រទេសប៉ាឡេស្ទីន) ជាដើម។
  8. Country + Nation Bank: មានដូចជា Croatia Nation Bank (ធនាគារជាតិរបស់ប្រទេសក្រូអាត), Czech Nation Bank (ធនាគារជាតិរបស់ប្រទេសឆែក) និង Denmark Nation Bank (ធនាគារជាតិរបស់ប្រទេស ដាណឺម៉ាក) ជាដើម។

ក្រៅពីនោះ ក៏មានធនាគារពាណិជ្ជឯកជនមួយចំនួនទៀតបានយកឈ្មោះប្រទេសមកដាក់ជាឈ្មោះសម្គាល់ធនាគាររបស់ខ្លួនផងដែរ ជាអាទិ៍ Bank of America, National Bank of Canada, Bank of China, Bank of India និង Bank of Singapore ជាដើម។

ដូច្នេះ ដើម្បីជ្រាបច្បាស់អំពីប្រភេទនៃធនាគារណាមួយជាធនាគារជាតិ ឬធនាគារឯកជននោះ យើងគប្បីសិក្សានិងស្វែងយល់អំពីធនាគារនោះតាមរយៈគេហទំព័រផ្ទាល់ ឬគេហទំព័រផ្សេងៗ ដែលពាក់ព័ន្ធ។

ឯកសារពិគ្រោះ

Site Map Feedback Form Newsletter Legal Notice Online Visitors: 14 Today​ Visitors: 490 Yesterday Visitors: 1,488
DARK MODE
Connect with us on