»  Media  »  Latest News  »  ACLEDA Obtains the License as an Institute of Business

អេស៊ីលីដា ត្រេននីង សេនធ័រ ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

ថ្ងៃ​ទី១ ខែកុម្ភៈ ឆ្នាំ​២០១៦

អេស៊ីលីដា ត្រេននីង សេនធ័រ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា អេស៊ីលីដា ត្រេននីង សេនធ័រ ជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មិថុនា ឆ្នាំ២០១១ មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ៥០ ផ្លូវលេខ៥១៦ កែង​នឹង​ផ្លូវលេខ៣៣៥ ភូមិ៦ សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ទទួល​បាន​អាជ្ញាប័ណ្ណ​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា ដែល​មាន​ឈ្មោះ​ថា "វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា" យោង​តាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា លេខ១៣ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ ។

លោក ឆន ពន្លឺ នាយក វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា ការ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា គឺ​ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​បណ្តុះ​បណ្តាល​កម្រិត​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់ លើ​ដេប៉ាតឺម៉ង​គ្រប់គ្រង​ពាណិជ្ជកម្ម មុខ​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ និង​ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​លើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ដល់​សិស្ស-និស្សិត អង្គការ​ជាតិ និង​អន្តរជាតិ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ប្រកប​ដោយ​គុណភាព​ខ្ពស់ ស្តង់ដារ​អន្តរជាតិ ។ វិទ្យាស្ថាន បាន​វិនិយោគ​ទិញ​ដី​ជា​កម្មសិទ្ធិ​ផ្ទាល់ ទំហំ ៧៥,៧៥០ ម៉ែត្រ​ក្រឡា មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អន្លង់ក្ងាន សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដើម្បី​សាងសង់​អគារសិក្សា ដែល​មាន​ផាសុខភាព តាម​ស្តង់ដារ​អន្តរជាតិ​ចំនួន ៦អគារ ដែល​គ្រោង​ថវិកា​ចំណាយ​អស់​ប្រមាណ​ជាង ២១ លាន​ដុល្លារ​សហរដ្ឋ​អាមរិក សម្រាប់​ទីកន្លែង​ធ្វើ​ការ​បុគ្គលិក​ចំនួន ៦២៧នាក់ និង​ទទួល​សិស្ស-និស្សិត​ចំនួន ២,៨៦៦នាក់ ក្នុង​មួយ​វេន ។ វិទ្យាស្ថាន នឹង​មាន​អគារ​បណ្ណាល័យ​ចំនួន ០១អគារ មាន​ក្រឡា​ផ្ទៃ​សរុប​ចំនួន ១,៦៥១.៣៧ ម៉ែត្រ​ក្រឡា និង​អគារ​អន្តេ​វាសិកដ្ឋាន​ចំនួន ០២អគារ អាច​ទទួល​ឲ្យ​សិស្ស-និស្សិត​ស្នាក់​នៅ​ចំនួន ៣៦២នាក់ ហើយ​គម្រោង​សាង​សង់​អគារ​ទាំង​អស់​នេះ នឹង​ត្រូវ​បញ្ចប់​រួច​រាល់​នៅ​ឆ្នាំ២០១៨ ។

នៅ​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ ភាគទុនិក​ដែល​កាន់​កាប់​ភាគហ៊ុន​១០០​ភាគរយ របស់​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា តំណាង​ដោយ បណ្ឌិត សូ ផនណារី ប្រធាន​នាយក​ប្រតិបត្ដិ​ស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា គឺ​ជា​សក្ខីកម្ម​បង្ហាញ​ពី​ការ​បេ្ដជ្ញា​ចិត្ត​ខ្ពស់​មួយ​បន្ថែម​ទៀត ក្នុង​ការ​រួម​ចំណែក​ក្នុង​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​ខ្ពស់ លើ​មុខ​ជំនាញ​ហិរញ្ញវត្ថុ និង​ធនាគារ ជូន​ដល់​សិស្ស-និស្សិត អង្គការ​ជាតិ និង​អន្តរជាតិ ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ។

លោក​ស្រី​បណ្ឌិត បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា សិស្ស-និស្សិត​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ពី វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា នឹង​មាន​សមត្ថភាព​គ្រប់​គ្រាន់ មាន​វិជ្ជាជីវៈ​ពិត​ប្រាកដ លើ​ជំនាញ​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុង​ការ​ចូល​បម្រើ​ការងារ​ជា​មួយ​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​នានា ទាំង​នៅ​ក្នុង​ប្រទេស បណ្តា​ប្រទេស​សហគមន៍​អាស៊ាន និង​អន្តរជាតិ ។ សិស្ស-និស្សិត ដែល​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ត្រូវ​ទទួល​សញ្ញាបត្រ​តាម​កម្រិត​ដែល​បាន​សិក្សា ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​វិទ្យាស្ថាន និង​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បង្កើត​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​ប្រាំ គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, និង អេស៊ីលីដា ប្រូភើធី អិលធីឌី ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៣.៨៤៤ លាន​ដុល្លារ​អាមេរិក សមតុល្យ​ឥណទាន​សរុប​ចំនួន ២.៤៥៤ លាន​ដុល្លារ​អាមេរិក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន ២.៦១៦ លាន​ដុល្លារ​អាមេរិក គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០១៥ នេះ ។

វីដេអូ Animation ស្តីពី​គម្រោង​សាង​សង់​អគារ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​តាម​រយៈ ៖

លោក ព្រំ វិសុទ្ធ
អនុប្រធាននាយកប្រតិបត្តិ និង​ជា​គណៈ​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម និង​លេខា​ធិការ​ក្រុមហ៊ុន ធនាគារ អេស៊ីលីដា ភីអិលស៊ី
អ៊ីម៉ែល ៖ visoth@acledabank.com.kh

លោក ឆន ពន្លឺ
នាយកវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា
អ៊ីម៉ែល ៖ chhan.ponloeu@acledabank.com.kh

Site Map    Feedback Form    Newsletter    Legal Notice
Online Visitors: 27    Today​ Visitors: 677    Yesterday Visitors: 831