www.aub.edu.kh

navigate_nextOur Servicesnavigate_nextResearch and Innovationnavigate_nextBusiness Newsnavigate_nextEconomy

Business News

Economy

រដ្ឋាភិបាល​នឹង​បង្កើត Digital ID ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ម្នាក់ៗ​យកទៅ​ប្រើ​បាន​សព្វគ្រប់​

ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩

ភ្នំពេញ ៖ រដ្ឋាភិបាល​គ្រោង​ធ្វើ​ព័ត៌មាន​សាវតា​បុគ្គល ឬ​អត្តសញ្ញាណ​បុគ្គល​តាម​ឌីជីថល (Digital Identity) សម្រាប់​ពលរដ្ឋ​ម្នាក់ៗ នៅក្នុង​អំឡុង​ឆ្នាំ​២០២២ ខាងមុខនេះ ។

Digital ID នេះ ត្រូវធ្វើ​សម្រាប់​ពលរដ្ឋ​ម្នាក់ៗ គឺ​ចាប់ពី​គេ​កើតមក​ភ្លាម ហើយ​ប្រើ​វា​ពេញ​មួយជីវិត ។ ព័ត៌មាន​មូលដ្ឋាន ឬ​សាវតារ​របស់​បុគ្គល​នោះ គឺមាន​ក្នុង​ប្រព័ន្ធ​ឌីជីថល ។ ហើយ​ខ្លួនគេ​កាន់​លេខ​កូដ​អត្តសញ្ញាណ សម្រាប់​ប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ទាំងនោះ ។ គេ​នឹង​ប្រើ Digital ID នេះ​ក្នុង​ជីវភាព​រស់នៅ ដូចជា​ធ្វើលិខិត​ឆ្លងដែន ផ្ទេរ​កម្ម​សិទ្ធ​ដីធ្លី ចុះបញ្ជី​បង់ពន្ធ ធ្វើ​ស្លាក​លេខ​យានយន្ត បង្កើត​គណនី​ធនាគារ​ជាដើម ដោយ​គ្រាន់​តែមាន​លេខ​អត្តសញ្ញាណ​នេះ ។

​ក្នុងការ​ត្រួសត្រាយ​រៀបចំ​សេដ្ឋកិច្ច​ឌីជីថល​នៅ​កម្ពុជា ការធ្វើ Digital ID សម្រាប់​ពលរដ្ឋ​ម្នាក់ៗ កំពុងស្ថិត​ក្នុងការ​ពិចារណា​របស់​អ្នកធ្វើ​គោលនយោបាយ​។ នេះ​ជា​អ្វីដែល​ត្រូវបាន​ពិភាក្សា​ក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី​គោលនយោបាយ និង​ទិសដៅ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា ដែល​រៀបចំឡើង​នៅ​ថ្ងៃទី​១២-១៣ ខែកុម្ភៈ ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមការងារ​រៀបចំ​សេចក្ដីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច​ឌីជីថល បាន​ថ្លែង​ដូច្នេះ​ថា ៖ "​ខ្ញុំ​ថា Digital ID ជា​លក្ខខណ្ឌ​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល ឬ​រដ្ឋាភិបាល​ឌីជីថល ហើយ​ប្រទេស​ទាំង​អស់គេ​ធ្វើ​ទៅហើយ" ។

តែ​កាន់​ច្បាស់​ជាងនេះទៅទៀត អំពី​ការ​ផែនការ​ធ្វើ Digital ID នេះ គឺ​តាមរយៈ​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ។ លោក តុ​ប នេ​ត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការធ្វើ Digital ID នេះ គឺមាន​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ២០១៧-២០២៦ រួចមកហើយ ដែល​ការងារ​នេះ​នឹង​លេចឡើង​អំឡុង​ឆ្នាំ​២០២១ ឬ​២០២២ ខាងមុខនេះ ។

តើ​ឯកសារ​ផ្ទាល់ខ្លួន ដូចជា សំបុត្រកំណើត អត្តសញ្ញាណ​បណ្ណ នៅ​ប្រើ​ទៀត​ទេ​ពេលធ្វើ​ឌីជីថល​អាយ​ឌី ?

​លោក តុ​ប នេ​ត ប្រាប់ថា ឯកសារ​សាវតារ​បុគ្គ​ល​នៅតែ​ប្រើ តែ​នឹងធ្វើ​ដោយ​ប្រព័ន្ធ​ឌីជីថល ជំនួយ​ឲ្យ​ការធ្វើ​ដោយ​ដៃ ។ លោក​ពន្យល់ថា ពេលដែល​កើតមក​ភ្លាម គេ​ទទួលបាន​លេខ​អត្តសញ្ញាណ​ផ្ទាល់ខ្លួន​មួយ ដែល​ភ្ជាប់​មក​នូវ​សាវតារ​រប​ស់​ខ្លួន ។ ហើយ​បើ​គេ​ចង់បាន​សំបុត្រកំណើត អត្តសញ្ញាណ​បណ្ណ​ជាដើម គេ​គ្រាន់តែ​ផ្ដល់​លេខ​អត្តសញ្ញាណ​ដល់​មន្ត្រី នោះគេ​នឹង​ទទួលបាន​ឯកសារ​ទាំងនោះ​ដែល​ព្រី​ន​ចេញពី​ប្រព័ន្ធ​កុំព្យូទ័រ ជំនួស​ឲ្យ​ការធ្វើ​ដោយ​ដៃ ដែល​អាចមាន​ការ​កត់​ចម្លង​ខុស ។

ហើយ​ការប្រើ​លេខ​អត្តសញ្ញាណ​នេះ នឹង​ទាមទារ​នូវ​ស្នាម​មេដៃ​របស់​សា​ម៉ី​ខ្លួន ដើម្បី​ចៀសវាង​ការ​ក្លែងបន្លំ​៕

បានទទួលការអនុញ្ញាតផ្សាយបន្ត ពី thmeythmey.com

Site Map Feedback Form Newsletter Legal Notice Online Visitors: 15 Today​ Visitors: 322 Yesterday Visitors: 712
Connect with us on